ការជាសះស្បើយឡើងវិញពី COVID

រោគសញ្ញា COVID និងរយៈពេលនៃការជាសះស្បើយឡើងវិញអាច ប្រែប្រួលពីមនុស្សម្នាក់ ទៅមនុស្សម្នាក់។ អ្នកខ្លះប្រហែលជាមិនទាំងដឹងថាខ្លួនមាន COVID-19 ទេ ខណៈដែលអ្នកខ្លះទៀតត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ជាទូទៅ មនុស្សភាគច្រើនដែលមានរោគសញ្ញាស្រាលនឹង ជាសះស្បើយឡើងវិញក្នុងរយៈពេលពីរបីថ្ងៃ - ជាពិសេសប្រសិនបើពួកគេត្រូវបានចាក់វ៉ាក់សាំងពេញលេញ។
អ្វីដែលអ្នកចាំបាច់ត្រូវដឹង
រយៈពេលនៃការឆ្លង COVID-19 អាចប្រែប្រួល ប៉ុន្តែមនុស្សភាគច្រើនត្រូវបានចាត់ទុកថាឆ្លងចាប់ពី 48 ម៉ោង មុនពេលរោគសញ្ញានានារបស់ពួកគេចាប់ផ្តើម។ អ្នកដែលមានរោគសញ្ញាស្រាល ជាធម្មតាត្រូវបានចាត់ទុកថាជាសះស្បើយឡើងវិញបន្ទាប់ពីរយៈពេល 7 ថ្ងៃ គឺឱ្យតែរោគសញ្ញារបស់ពួកគេបានឈប់។
រោគសញ្ញានានាក្នុងខ្លួនកុមារ និងទារក ជាធម្មតាស្រាលជាងរោគសញ្ញាក្នុងខ្លួនមនុស្សពេញវ័យ។ កុមារខ្លះដែលឆ្លងរោគ ប្រហែលជាមិនបង្ហាញសញ្ញាណាមួយថាមិនស្រួលខ្លួនទេ។
ខណៈពេលដែលមិនសូវឃើញកើតមានក្តី មនុស្សមួយចំនួនអាចកើតមានបញ្ហាសុខភាពរយៈពេលវែង ដែលបណ្តាលមកពី COVID-19 ដែលបន្តរយៈពេល 2 ទៅ 8 សប្តាហ៍បន្ទាប់ពីការឆ្លង។
អ្នកអាចត្រឡប់ទៅជាលទ្ធផលតេស្ត COVID-19 វិជ្ជមានកម្រិតខ្សោយវិញ បន្ទាប់ពីអ្នកបានជាសះស្បើយឡើងវិញ ដែលបណ្តាលមកពីបំណែកដែលមិនឆ្លងនៃមេរោគនៅក្នុងខ្លួនរបស់អ្នក។ ការធ្វើតេស្តបន្ថែមអាចបញ្ជាក់ថាអ្នកលែងឆ្លងទៀតឬអត់។
អ្នកអាចចាប់ផ្តើមធ្វើលំហាត់ប្រាណម្តងទៀត ប្រសិនបើអ្នកគ្មានរោគសញ្ញាយ៉ាងហោចណាស់ 7 ថ្ងៃ។ ចាប់ផ្តើមជាមួយនឹងសកម្មភាពស្រាលៗ 15 នាទី ដូចជាការដើរ ហើយពិនិត្យមើលថាតើអ្នកមានអារម្មណ៍យ៉ាងណាដែរ។ ប្រសិនបើអ្នកមានការឈឺទ្រូង ឬញ័រទ្រូងលើសពី 10 នាទី សូមទាក់ទងមកវេជ្ជបណ្ឌិតជាបន្ទាន់។
តើមានសំណួរផ្សេងទៀតអំពី COVID ទេ? ទទួលបានភាពច្បាស់លាស់អំពី COVID
ប្រើ ឧបករណ៍ពិនិត្យរោគសញ្ញា COVID-19 ដើម្បីឱ្យបានដឹងថាតើអ្នកត្រូវការស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តដែរឬទេ។
ហៅទូរសព្ទទៅបណ្តាញទូរសព្ទជំនួយជាតិស្តីពីវីរុសកូរ៉ូណា តាមលេខ 1800 020 080 — ចុចលេខ 8 ដើម្បីទទួលបានព័ត៌មានផ្នែកសុខភាពជាភាសារបស់អ្នក។