រំលងទៅមាតិកាសំខាន់

Free Australian health advice you can count on.

Free Australian health advice you can count on.

ឥរិយាបថបន្ថែមដើម្បីកាត់បន្ថយឱកាសនៃការមានផ្ទៃពោះរបស់អ្នក

ឥរិយាបថបន្ថែមដែលអាចកាត់បន្ថយហានិភ័យនៃការមានផ្ទៃពោះ។ ទាំងនេះ ពឹងផ្អែកលើអ្នក និង/ឬដៃគូរបស់អ្នកក្នុងការចូលរួមក្នុងសកម្មភាពមួយចំនួន។

ទិដ្ឋភាពទូទៅ

តើ​វា​ជា​អ្វី?

ឥរិយាបថបន្ថែមដែលអាចកាត់បន្ថយហានិភ័យនៃការមានផ្ទៃពោះ។ ទាំងនេះ ពឹងផ្អែកលើអ្នក និង/ឬដៃគូរបស់អ្នកក្នុងការចូលរួមក្នុងសកម្មភាពមួយចំនួន។ ទាំងនេះរួមមាន៖

  • វិធីសាស្រ្តដកលិង្គចេញ - ការដកលិង្គចេញពីទ្វារមាសមុនពេលបញ្ចេញ ទឹកកាម (ការចេញទឹកកាម)
  • ការតមមិនរួមភេទ - ការមិនចូលរួមក្នុងសកម្មភាពផ្លូវភេទណាមួយ
  • សកម្មភាពផ្លូវភេទដែលផ្តោតលើការទទួលបានអារម្មណ៍រីករាយស្រើបស្រាល សកម្មភាពផ្លូវភេទដែលមិនពាក់ព័ន្ធនឹងការដាក់លិង្គចូលទៅក្នុងទ្វារមាស ឬរន្ធគូថ

ឥរិយាបថបន្ថែម

ឥរិយាបថបន្ថែម

ឥរិយាបថបន្ថែមទាំងនេះមិនត្រូវបានចាត់ទុកថាជាប្រភេទនៃការពន្យាកំណើតទេ។ ខណៈពេលដែលមនុស្សមួយចំនួនអាចជ្រើសរើសប្រើតែឥរិយាបថបន្ថែមទាំងនេះក៏ដោយ ជាការប្រសើរបំផុតវាគួរតែត្រូវបានផ្គូផ្គងជាមួយ ប្រភេទនៃការពន្យាកំណើត ដើម្បីកាត់បន្ថយហានិភ័យនៃការមានផ្ទៃពោះ។

ឥរិយាបថបន្ថែមទាំងនេះតម្រូវឱ្យមានការយោគយល់គ្នា ការប្រាស្រ័យទាក់ទងគ្នាដោយបើកចំហ និងកិច្ចសហប្រតិបត្តិការរវាងដៃគូ។ វាត្រូវបានប្រើយ៉ាងល្អបំផុត នៅពេលដែលមានមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃការជឿទុកចិត្តរវាងដៃគូផ្លូវភេទ។ ឥរិយាបថបន្ថែមទាំងនេះអាចតម្រូវឱ្យមានកម្រិតនៃការទ្រាំអត់ធ្មត់ពីអ្នក និង/ឬដៃគូ របស់អ្នក។

វិធីសាស្រ្តដកលិង្គចេញ

តើវាជាអ្វី?

វិធីសាស្រ្តដកលិង្គចេញក៏ត្រូវបានគេស្គាល់ថា 'ការដកចេញ' ផងដែរ។ នេះជាពេលដែលលិង្គ ត្រូវបានដកចេញពីទ្វារមាស មុនពេលបញ្ចេញទឹកកាម (ការចេញទឹកកាម)។ វិធីនេះកាត់បន្ថយ ឱកាសដែលមេជីវិតឈ្មោលចូលទៅក្នុង ទ្វារមាស និងបង្កកំណើតដល់មេជីវិតញី។

វិធីសាស្រ្តដកលិង្គចេញ មិនត្រូវបានណែនាំជាវិធីសាស្ត្រសំខាន់ដើម្បីបង្ការការមានផ្ទៃពោះទេ ប៉ុន្តែវាមានប្រសិទ្ធភាពជាងការមិនធ្វើសកម្មភាពអ្វីទាំងអស់។ ប្រសិនបើការបង្ការការមានផ្ទៃពោះមានសារៈសំខាន់សម្រាប់អ្នក អ្នកគួរតែពិចារណាប្រើប្រាស់ ប្រភេទនៃការពន្យាកំណើត ។

មនុស្សមួយចំនួនអាចជ្រើសរើសប្រើវិធីសាស្រ្តដកលិង្គចេញ បន្ថែមពីលើប្រភេទនៃវិធីសាស្រ្តពន្យារកំណើត (ដូចជា ថ្នាំគ្រាប់ ឬ ថ្នាំគ្រាប់ខ្នាតតូច ម) ដើម្បីកាត់បន្ថយ ហានិភ័យនៃការមានផ្ទៃពោះ បន្ថែមទៀត។

វាជាការសំខាន់ដែលត្រូវចងចាំថា វិធីសាស្រ្តនេះតម្រូវឱ្យមានការយល់ដឹង ការព្រមព្រៀង និងកិច្ចសហប្រតិបត្តិការរួមគ្នារវាងដៃគូ។

តើវាមានប្រសិទ្ធភាពប៉ុណ្ណាដែរក្នុងការបង្ការការមានផ្ទៃពោះ?

ការប្រើប្រាស់ធម្មតា
មានប្រសិទ្ធភាព 80%។
ការប្រើប្រាស់ល្អឥតខ្ចោះ
មានប្រសិទ្ធភាព 96%។

ដើម្បីប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពបំផុត គឺត្រូវដកចេញលិង្ពពីទ្វារមាសមុនពេលបញ្ចេញទឹកកាមរាល់ពេលដែលអ្នករួមភេទ។ ការបញ្ចេញទឹកកាម (ការចេញទឹកកាម) គួរតែកើតឡើងឆ្ងាយពីទ្វារមាស ដើម្បីកុំឱ្យទឹកកាមចូលទៅក្នុងទ្វារមាសដោយ ចៃដន្យ។

ទោះជាយ៉ាងណាក៏ដោយ មេជីវិតឈ្មោលអាចមានវត្តមាននៅក្នុងសារធាតុរាវមុនពេលបញ្ចេញទឹកកាម (មុនចេញទឹកកាម) ដែលត្រូវបានបញ្ចេញចេញពីលិង្គមុនពេល បញ្ចេញទឹកកាមនោះទេ។ បុគ្គល ម្នាក់មិនអាចគ្រប់គ្រងបានទេ ថាតើសារធាតុរាវ មុនពេលបញ្ចេញទឹកកាមវាបានបញ្ចេញឬអត់នោះ ហើយជារឿយៗមិនអាចមាន អារម្មណ៍ដឹងពីវាបានទេ។ នេះធ្វើឱ្យវិធីសាស្រ្តដកលិង្គចេញពិបាកតាមដានណាស់ ហើយកាត់បន្ថយប្រសិទ្ធភាពនៃវិធីសាស្ត្រនេះក្នុងការបង្ការការមានផ្ទៃពោះ។

តើ​មាន​គុណសម្បត្តិ​អ្វីខ្លះ?

  • ឥតគិតថ្លៃ
  • គ្មានផលប៉ះពាល់
  • ងាយស្រួលចូលប្រើប្រាស់
  • មិនតម្រូវឱ្យមានការណាត់ជួបជាមួយអ្នកជំនាញសុខភាពទេ

តើ​មាន​គុណវិបត្តិ​អ្វីខ្លះ?

  • ជាមួយនឹងការប្រើប្រាស់ធម្មតា វាមិនមានប្រសិទ្ធភាពខ្លាំងក្នុងការបង្ការការមានផ្ទៃពោះទេ
  • មិនការពារប្រឆាំងនឹងជំងឺកាមរោគ (STIs) ទេ
  • អានបន្ថែមអំពី ការរួមភេទប្រកបដោយដោយសុវត្ថិភាព
  • តម្រូវឱ្យមានកម្រិតខ្ពស់នៃវិន័យលើខ្លួនឯងពីដៃគូដែលបញ្ចេញទឹកកាម
  • មិនជួយគ្រប់គ្រងរោគសញ្ញាសុខភាពនានា (ដូចជា ការឈឺចាប់ពេលមករដូវ ឬការធ្លាក់ឈាមរដូវច្រើន)

ការតមមិនរួមភេទ

តើវាជាអ្វី?

ការតមមិនរួមភេទ គឺជាការជ្រើសរើសមិនចូលរួមក្នុងសកម្មភាពផ្លូវភេទណាមួយ។ មនុស្សអាចជ្រើសរើសការតមមិនរួមភេទ ដោយសារហេតុផលផ្ទាល់ខ្លួន ឬវប្បធម៌ជាច្រើន។ មនុស្សមួយចំនួនអាចជ្រើសរើសជៀសវាងភាពស្និទ្ធស្នាលខាងរាងកាយគ្រប់ប្រភេទ ចំណែកឯអ្នកផ្សេងទៀតអាចចូលរួមក្នុងសកម្មភាពស្និទ្ធស្នាលមិនមែនផ្លូវភេទមួយចំនួនដូចជាការថើប និងការឱបជាដើម។ អ្នកអាចជ្រើសរើសអ្វីដែលវាមានន័យសម្រាប់អ្នក។

មនុស្សមួយចំនួនអាចជ្រើសរើស ការតមមិនរួមភេទដើម្បីកាត់បន្ថយហានិភ័យនៃការមានផ្ទៃពោះនៅថ្ងៃដែលពួកគេអាចមានកូនបាន (ទំនងជាមានផ្ទៃពោះ) ប៉ុន្តែរួមភេទ តាមលិង្គក្នុងទ្វារមាសនៅពេលផ្សេងទៀត។ នេះអាចជាផ្នែកមួយនៃការប្រើប្រាស់ វិធីសាស្ត្រការយល់ដឹងអំពីភាពមានកូន (FAM) ។

វិធីសាស្ត្រនេះមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការបង្ការការមានផ្ទៃពោះ ពីព្រោះមេជីវិតឈ្មោលមិនចូលទៅក្នុងទ្វារមាស ហើយមិនអាចបង្កកំណើតដល់មេជីវិតញីបានទេ។

វាជាការសំខាន់ដែលត្រូវចងចាំថា វិធីសាស្រ្តនេះតម្រូវឱ្យមានការយល់ដឹង ការព្រមព្រៀង និងកិច្ចសហប្រតិបត្តិការរួមគ្នារវាងដៃគូ។

តើវាមានប្រសិទ្ធភាពប៉ុណ្ណាដែរក្នុងការបង្ការការមានផ្ទៃពោះ?

ជាមួយនឹងការប្រើប្រាស់ល្អឥតខ្ចោះ ការតមមិនរួមភេទមានប្រសិទ្ធភាព 100% ក្នុងការបង្ការការមានផ្ទៃពោះ។ នេះ​ដោយសារតែ​មិនមានឱកាស​ដែល​មេជីវិតឈ្មោល​ចូលទៅក្នុង​ទ្វារមាស ហើយ​បង្កកំណើត​ដល់​មេជីវិតញី​។

តើ​មាន​គុណសម្បត្តិ​អ្វីខ្លះ?

  • ឥតគិតថ្លៃ
  • មានប្រសិទ្ធភាពក្នុងការបង្ការការមានផ្ទៃពោះ
  • ងាយស្រួលចូលប្រើប្រាស់
  • មិនតម្រូវឱ្យមានការណាត់ជួបជាមួយអ្នកជំនាញសុខភាពទេ
  • ការពារអ្នកពីជំងឺកាមរោគ (STIs)

តើ​មាន​គុណវិបត្តិ​អ្វីខ្លះ?

  • មិនអនុញ្ញាតឱ្យមានសកម្មភាពផ្លូវភេទណាមួយឡើយ ដែលមនុស្សមួយចំនួនអាចយល់ថាមានការរឹតត្បិត
  • តម្រូវឱ្យមានការទ្រាំអត់ធ្មត់ ហើយដូច្នេះប្រហែលជាមិនងាយស្រួលក្នុងការរក្សារយៈពេលវែងបានទេ
  • មិនជួយគ្រប់គ្រងរោគសញ្ញាសុខភាពនានា (ដូចជា ការឈឺចាប់ពេលមករដូវ ឬការធ្លាក់ឈាមរដូវច្រើន)

សកម្មភាពផ្លូវភេទដែលផ្តោតលើការទទួលបានអារម្មណ៍រីករាយស្រើបស្រាល

តើវាជាអ្វី?

សកម្មភាពផ្លូវភេទដែលផ្តោតលើការទទួលបានអារម្មណ៍រីករាយស្រើបស្រាល គឺជាសកម្មភាពផ្លូវភេទដែលមិនពាក់ព័ន្ធនឹងការស៊កលិង្គចូលទៅក្នុងទ្វារមាស ឬរន្ធគូថ។ ជួនកាលវាត្រូវបានគេហៅថា 'ការរួមភេទបែបមិនស៊ក ចូល'។ វិធីសាស្ត្រនេះមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការបង្ការការមានផ្ទៃពោះ ពីព្រោះមេជីវិត ឈ្មោលមិនចូលទៅក្នុងទ្វារមាស ហើយមិនអាចបង្កកំណើតដល់ោះមេជីវិតញីបានទេ។ សកម្មភាពផ្លូវភេទដែលផ្តោតលើការទទួលបានអារម្មណ៍រីករាយស្រើបស្រាល អាចរួម មាន៖

  • ការថើប
  • ម៉ាស្សា
  • ការស្ទាបអង្អែលស្និទ្ធស្នាល
  • ការត្រដុសប្រដាប់ភេទដាក់គ្នាដោយគ្មានការស៊កចូល
  • ការប្រើឧបករណ៍បង្កើនភាពរីករាយក្នុងសកម្មភាពផ្លូវភេទលើគ្នាទៅវិញទៅមក
  • ការរួមភេទតាមមាត់

មានវិធីជាច្រើនដើម្បីផ្តល់ និងទទួលបានភាពរីករាយ ដែលមិនពាក់ព័ន្ធនឹងការរួមភេទបែបស៊កបញ្ចូល។

មនុស្សមួយចំនួនអាចជ្រើសរើសសកម្មភាពផ្លូវភេទដែលផ្តោតលើការទទួលបានអារម្មណ៍រីករាយស្រើបស្រាល ដើម្បីកាត់បន្ថយហានិភ័យនៃការមានផ្ទៃពោះនៅថ្ងៃដែលពួកគេអាចមានផ្ទៃពោះ (ទំនងជាមានផ្ទៃពោះ) ប៉ុន្តែមានការរួមភេទបែបស៊កចូលនៅពេលផ្សេងទៀត។ នេះអាចជាផ្នែកមួយនៃការប្រើប្រាស់ វិធីសាស្ត្រការយល់ដឹងអំពីភាពមានកូន (FAM) ។

វាជាការសំខាន់ដែលត្រូវចងចាំថា វិធីសាស្រ្តនេះតម្រូវឱ្យមានការយល់ដឹង ការព្រមព្រៀង និងកិច្ចសហប្រតិបត្តិការរួមគ្នារវាងដៃគូ។

តើវាមានប្រសិទ្ធភាពប៉ុណ្ណាក្នុងការបង្ការការមានផ្ទៃពោះ?

ការប្រើប្រាស់ធម្មតា
ខ្ពស់ខ្លាំង ប៉ុន្តែអាចប្រែប្រួល
ការប្រើប្រាស់ល្អឥតខ្ចោះ
100%

ជាមួយនឹងការប្រើប្រាស់ល្អឥតខ្ចោះ សកម្មភាពផ្លូវភេទដែលផ្តោតលើការទទួលបានអារម្មណ៍រីករាយស្រើបស្រាល មានប្រសិទ្ធភាព 100% ក្នុងការបង្ការការមានផ្ទៃពោះ។ នេះ​ដោយសារ​តែ​មេជីវិតឈ្មោល​មិន​ចូល​ទៅ​ក្នុង​ទ្វារមាស ហើយ​មិន​អាច​បង្ក​កំណើត​ដល់​មេជីវិតញី​បាន​។

ជាមួយនឹងការប្រើប្រាស់ធម្មតា សកម្មភាពផ្លូវភេទដែលផ្តោតលើការទទួលបានអារម្មណ៍រីករាយស្រើបស្រាល នៅតែមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការការមានផ្ទៃពោះ ប៉ុន្តែវាអាចប្រែប្រួល។ នេះ​ដោយសារ​តែ​វា​មាន​ប្រសិទ្ធភាព​ លុះត្រាតែ​គ្មាន​ទឹកកាម​ចូល​ជិត ឬ​នៅក្នុង​ទ្វារមាស​។ នៅតែមានលទ្ធភាពនៃការមានផ្ទៃពោះ ប្រសិនបើទឹកកាមចូលទៅក្នុងទ្វារមាសដោយចៃដន្យ។ នេះអាចកើតឡើង ប្រសិនបើ៖

  • ទ្វារមាស ឬយោនីត្រូវបានប៉ះដោយម្រាមដៃ ឬឧបករណ៍បង្កើនភាពរីករាយក្នុងសកម្មភាពផ្លូវភេទដែលមានទឹកកាម ឬសារធាតុរាវមុនពេលបញ្ចេញទឹកកាម (មុនចេញទឹកកាម) នៅលើម្រាមដៃ
  • ការបញ្ចេញទឹកកាមកើតឡើងនៅជិតមាត់ទ្វារមាស ដែលអនុញ្ញាតឱ្យមេជីវិតឈ្មោលចូលទៅក្នុងទ្វារមាស

តើ​មាន​គុណសម្បត្តិ​អ្វីខ្លះ?

  • ឥតគិតថ្លៃ
  • មានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការការមានផ្ទៃពោះ
  • ងាយស្រួលចូលប្រើប្រាស់
  • មិនតម្រូវឱ្យមានការណាត់ជួបជាមួយអ្នកជំនាញសុខភាពទេ

តើ​មាន​គុណវិបត្តិ​អ្វីខ្លះ?

  • មិនអនុញ្ញាតឱ្យមានការរួមភេទបែបស៊កបញ្ចូល ដែលមនុស្សមួយចំនួនអាចយល់ថាមានការរឹតត្បិត
  • មិនការពារប្រឆាំងនឹងជំងឺកាមរោគ (STIs) ទេ
    • ជំងឺកាមរោគមួយចំនួនអាចរីករាលដាលតាមរយៈការរួមភេទតាមមាត់
    • ជំងឺកាមរោគមួយចំនួន ដូចជា ជំងឺរើម និងរោគដុះឬសនៅប្រដាប់បន្តពូជ អាចរីករាលដាលតាមរយៈការប៉ះពាល់ស្បែកទៅស្បែក (សូម្បីតែគ្មានការរួមភេទបែបស៊កបញ្ចូលក៏ដោយ)
    • អានបន្ថែមអំពី ការរួមភេទប្រកបដោយដោយសុវត្ថិភាព
  • តម្រូវឱ្យមានការទ្រាំអត់ធ្មត់ ហើយដូច្នេះប្រហែលជាមិនងាយស្រួលក្នុងការរក្សារយៈពេលវែងបានទេ
  • មិនជួយគ្រប់គ្រងរោគសញ្ញាសុខភាពនានា (ដូចជា ការឈឺចាប់ពេលមករដូវ ឬការធ្លាក់ឈាមរដូវច្រើន)

ការបដិសេធទទួលខុសត្រូវ

ឧបករណ៍នេះផ្តល់ព័ត៌មានទូទៅអំពីវិធីសាស្រ្តពន្យារកំណើត ហើយមិនជំនួសដំបូន្មានផ្នែកវេជ្ជសាស្ត្រទេ។ សូមពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាព ដើម្បីទទួលបានដំបូន្មានដែលបានរៀបចំឡើងសម្រាប់តម្រូវការផ្ទាល់ខ្លួនរបស់អ្នក។ តាមរយៈការប្រើប្រាស់ឧបករណ៍នេះ អ្នកយល់ព្រមគោរពតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់យើង។ សូមស្វែងយល់អំពីរបៀបដែលយើងប្រមូល និងការពារ ព័ត៌មានផ្ទាល់ខ្លួន របស់អ្នក។ អ្នកក៏អាចអាន គោលនយោបាយប្រមូលដែលមានសុវត្ថិភាពសមស្របសម្រាប់កុមារ របស់យើងផងដែរ។

ពិនិត្យចុងក្រោយ៖ ខែសីហា ឆ្នាំ 2026