រំលងទៅមាតិកាសំខាន់

Free Australian health advice you can count on.

Free Australian health advice you can count on.

ថ្នាំគ្រាប់ដែលមានតែប្រូហ្សេស្តូហ្សែនប៉ុណ្ណោះ - 'ថ្នាំគ្រាប់ខ្នាតតូច'

ថ្នាំគ្រាប់ប្រចាំថ្ងៃដែលមានផ្ទុកអ័រម៉ូនមួយ (ប្រូហ្សេស្តូហ្សែន)។

  • រយៈពេលខ្លី

ទិដ្ឋភាពទូទៅ

តើវាមានឈ្មោះផ្សេងទៀតទេ?

ថ្នាំគ្រាប់ខ្នាតតូច

តើវាជាអ្វី?

ថ្នាំគ្រាប់ប្រចាំថ្ងៃដែលមានផ្ទុកអ័រម៉ូនមួយ (ប្រូហ្សេស្តូហ្សែន)។ ថ្នាំគ្រាប់ខ្នាតតូចមានបរិមាណប្រូហ្សេស្តូហ្សែន តិចជាងថ្នាំពន្យារកំណើតតាមមាត់ផ្សេងទៀត។

មានថ្នាំគ្រាប់ខ្នាតតូច 3 ប្រភេទដែលមានលក់នៅក្នុងប្រទេសអូស្ត្រាលី។ ថ្នាំគ្រាប់នីមួយៗមានផ្ទុកប្រូហ្សេស្តូហ្សែនប្រភេទផ្សេងៗគ្នា។ ទាំងនេះគឺ៖

  • levonorgestrel
  • norethisterone
  • drospirenone

កញ្ចប់ថ្នាំគ្រាប់របស់អ្នកអាចមាន៖

  • ថ្នាំគ្រាប់ levonorgestrel៖ ថ្នាំគ្រាប់អ័រម៉ូនសកម្មចំនួន 28 គ្រាប់ (ថ្នាំគ្រាប់ពន្យារកំណើតគ្មានជាតិស្ករ)
  • ថ្នាំគ្រាប់ norethisterone៖ ថ្នាំគ្រាប់អ័រម៉ូនសកម្មចំនួន 28 គ្រាប់ (ថ្នាំគ្រាប់ពន្យារកំណើតគ្មានជាតិស្ករ)
  • ថ្នាំគ្រាប់ drospirenone៖ ថ្នាំគ្រាប់អ័រម៉ូនសកម្មចំនួន 24 គ្រាប់ និងថ្នាំគ្រាប់ពន្យារកំណើតមានជាតិស្ករចំនួន 4 គ្រាប់

អ្នកប្រហែលជាត្រូវសាកល្បងថ្នាំគ្រាប់ផ្សេងៗគ្នាមួយចំនួន មុនពេលអ្នករកឃើញថ្នាំដែលសាកសមនឹងអ្នក។

តើវាអាចប្រើសម្រាប់អ្វីខ្លះ?

  • ការបង្ការការមានផ្ទៃពោះ
  • ធ្វើឱ្យវដ្តរដូវមានភាពទៀងទាត់

របៀបដែលវាដំណើរការ

តើវាដំណើរការយ៉ាងដូចម្តេចដែរ?

ថ្នាំគ្រាប់ខ្នាតតូចនេះដំណើរការដោយធ្វើឱ្យទឹករំអិលកស្បូនក្រាស់ ដូច្នេះមេជីវិតឈ្មោលមិនអាចឆ្លងកាត់បំពង់ស្បូនដើម្បីបង្កកំណើតដល់មេ​ជីវិត​ញីបានទេ។ ថ្នាំគ្រាប់ drospirenone ក៏បញ្ឈប់ ការធ្លាក់​មេ​ជីវិត​ញី​ ផងដែរ (​មេ​ជីវិត​ញីត្រូវបានបញ្ចេញពីអូវែរ)។

តើវាចាប់ផ្តើមដំណើរការលឿនប៉ុនណាដែរ?

ថ្នាំគ្រាប់ខ្នាតតូចអាចចាប់ផ្តើមដំណើរការយ៉ាងឆាប់រហ័សដើម្បីបង្ការការមានផ្ទៃពោះ ក៏ប៉ុន្តែពេលវេលាជាក់លាក់អាស្រ័យលើពេលដែលអ្នកចាប់ផ្តើមប្រើវាក្នុងវដ្តរដូវរបស់អ្នក។

ថ្នាំគ្រាប់ Levonorgestrel និង norethisterone៖

ប្រសិនបើអ្នកចាប់ផ្តើមប្រើថ្នាំគ្រាប់ទាំងនេះក្នុងរយៈពេល 5 ថ្ងៃដំបូងនៃការមករដូវរបស់អ្នក អ្នកនឹងត្រូវបានការពារភ្លាមៗ។

ប្រសិនបើអ្នកចាប់ផ្តើមប្រើថ្នាំគ្រាប់ទាំងនេះលើសពី 5 ថ្ងៃបន្ទាប់ពីការមករដូវចុងក្រោយរបស់អ្នកចាប់ផ្តើម អ្នកត្រូវលេបថ្នាំគ្រាប់សកម្មរយៈពេល 3 ថ្ងៃជាប់ៗ គ្នាមុនពេលអ្នកត្រូវបានការពារ។ ប្រើវិធីសាស្រ្តពន្យារកំណើតបម្រុង (ឧទាហរណ៍ ស្រោមអនាម័យ) ឬជៀសវាងការរួមភេទក្នុងរយៈពេល 3 ថ្ងៃដំបូង ដើម្បីការពារការមានផ្ទៃពោះ។

Drospirenone៖

ប្រសិនបើអ្នកចាប់ផ្តើមប្រើថ្នាំគ្រាប់ទាំងនេះនៅថ្ងៃដំបូងនៃការមករដូវរបស់អ្នក អ្នកនឹងត្រូវបានការពារភ្លាមៗ។

ប្រសិនបើអ្នកចាប់ផ្តើមប្រើថ្នាំគ្រាប់ទាំងនេះបន្ទាប់ពីថ្ងៃដំបូងនៃការមករដូវរបស់អ្នក អ្នកត្រូវលេបថ្នាំគ្រាប់សកម្មរយៈពេល 7 ថ្ងៃជាប់ៗគ្នាមុនពេលអ្នកត្រូវបានការរពារ។ ប្រើវិធីសាស្រ្តពន្យារកំណើតបម្រុង (ឧទាហរណ៍ ស្រោមអនាម័យ) ឬជៀសវាងការរួមភេទរយៈពេល 7 ថ្ងៃដំបូង ដើម្បីបង្ការការមានផ្ទៃពោះ។

ប្រសិទ្ធភាព

តើវាមានប្រសិទ្ធភាពប៉ុនណាដែរក្នុងការបង្ការការមានផ្ទៃពោះ?

ការប្រើប្រាស់ធម្មតា៖ មានប្រសិទ្ធភាព 93%

ការប្រើប្រាស់ល្អឥតខ្ចោះ៖ មានប្រសិទ្ធភាព 99.7%

តើការប្រើប្រាស់ដ៏ល្អឥតខ្ចោះមើលទៅមានលក្ខណៈដូចម្តេចដែរ?

  • លេបថ្នាំមួយគ្រាប់ក្នុងពេលតែមួយ ជារៀងរាល់ថ្ងៃ
  • កុំរំលងថ្នាំគ្រាប់សកម្ម
  • ចាប់ផ្តើមកញ្ចប់ថ្មីតាមកាលវិភាគ បន្ទាប់ពីបញ្ចប់កញ្ចប់មុនៗ

មនុស្សមួយចំនួនកំណត់ម៉ោងរោទិ៍ ឬការរម្លឹក ដើម្បីជួយពួកគេឱ្យចងចាំថាត្រូវលេបថ្នាំរបស់ពួកគេជារៀងរាល់ថ្ងៃ។

តើមានអ្វីដែលបន្ថយប្រសិទ្ធភាពរបស់វាក្នុងការបង្ការការមានផ្ទៃពោះទេ?

ថ្នាំគ្រាបខ្នាត់តូចមានប្រសិទ្ធភាពតិចជាង ប្រសិនបើអ្នក៖

  • បានខកខានលេបថ្នាំគ្រាប់សកម្ម
  • ក្អួត ឬចុះរាគធ្ងន់ធ្ងរ

ត្រូវតែលេបថ្នាំគ្រាប់ Levonorgestrel និង norethisterone ក្នុងរយៈពេល 3 ម៉ោងដូចគ្នាជារៀងរាល់ថ្ងៃ បើមិនដូច្នោះទេ វាត្រូវបានចាត់ទុកថា "បានខកខាន"។ ថ្នាំ Drospirenone ត្រូវបានចាត់ទុកថា ‘បានខកខាន’ លុះត្រាតែវាយឺតជាង 24 ម៉ោង។

សន្លឹកព័ត៌មានដែលមាននៅក្នុងកញ្ចប់ថ្នាំគ្រាប់ខ្នាត នឹងផ្តល់ឱ្យអ្នកនូវការណែនាំអំពីអ្វីដែលត្រូវធ្វើប្រសិនបើរឿងនេះកើតឡើង។ ក្នុងករណីទាំងនេះ អ្នកប្រហែលជាត្រូវប្រើវិធីសាស្រ្តពន្យារកំណើតមួយផ្សេងទៀត (ឧទាហរណ៍ ស្រោមអនាម័យ) ដើម្បីបង្ការមានផ្ទៃពោះ ឬជៀសវាងការរួមភេទ រហូតដល់អ្នកត្រឡប់មករកភាពប្រក្រតីវិញ។

ឱសថមួយចំនួនកាត់បន្ថយប្រសិទ្ធភាពនៃថ្នាំគ្រាប់ខ្នាតតូច រួមទាំងថ្នាំព្យាបាលជំងឺឆ្កួតជ្រូកមួយចំនួនផងដែរ។

វាជាការល្អបំផុតក្នុងការពិនិត្យជាមួយអ្នកជំនាញថែទាំសុខភាព ប្រសិនបើឱសថ ឬថ្នាំបំពេញបង្គ្រប់ថ្មី ឬបច្ចុប្បន្នណាមួយដែលអ្នកប្រើនឹងធ្វើឱ្យប្រសិទ្ធភាពនៃថ្នាំគ្រាប់ខ្នាតតូចថយចុះ។

តើវាការពារប្រឆាំងនឹងជំងឺកាមរោគ (STIs) ដែរឬទេ?

ទេ។

ស្រោមអនាម័យខាងក្នុង និងស្រោមអនាម័យខាងក្រៅ គឺជាប្រភេទតែមួយគត់នៃវិធីសាស្រ្តពន្យារកំណើតដែលការពារប្រឆាំងនឹងជំងឺកាមរោគ។

ការប្រើប្រាស់និងការពិចារណា

តើត្រូវប្រើ ឬប្តូរជំនួសវាញឹកញាប់ប៉ុនណាដែរ?

ត្រូវលេបថ្នាំគ្រាប់ខ្នាតតូចជារៀងរាល់ថ្ងៃ។

វេជ្ជបញ្ជាអាចមានរយៈពេលពី 3 ទៅ 12 ខែ។ អ្នកជំនាញថែទាំសុខភាពមួយចំនួនអាចផ្តល់វេជ្ជបញ្ជាដែលបន្តច្រើនដង ដើម្បីកាត់បន្ថយភាពញឹកញាប់ដែលអ្នកត្រូវទៅជួបពួកគេ។

តើមានអ្នកណាអាចដឹងថាខ្ញុំកំពុងប្រើប្រភេទនៃវិធីសាស្រ្តពន្យារកំណើតនេះទេ?

វាអាចទៅរួចក្នុងការរក្សាសម្ងាត់ដោយមិនឱ្យអ្នកដទៃដឹង នៅពេលកំពុង​ប្រើ​ថ្នាំ​គ្រាប់ខ្នាតតូច។

ទោះជាយ៉ាងណាក៏ដោយ វាអាចទៅរួចដែលថានរណាម្នាក់អាចនឹងកត់សម្គាល់ឃើញកញ្ចប់ថ្នាំគ្រាប់ សំឡេងរោទិ៍រម្លឹក ឬឃើញអ្នកកំពុងលេបវា។

សុវត្ថិភាព និងផលប៉ះពាល់

តើមានផលប៉ះពាល់ណាមួយទេ?

ដូចគ្នានឹងឱសថទាំងអស់ដែរ មនុស្សមួយចំនួនអាចជួបប្រទះផលប៉ះពាល់នានា។

ផលប៉ះពាល់មួយចំនួនដែលអាចកើតមាន រួមមាន៖

  • ចង្អោរ
  • ឈឺក្បាល
  • ឈឺដោះ
  • ស្នាមប្រឡាក់អុជៗ (ឈាមតិចៗដែល​មិនមែន​ជាការមក​រដូវ​របស់​អ្នក)
  • ការហូរឈាមមិនទៀងទាត់
  • ការមករដូវរយៈពេលវែងជាង
  • រោគមុន
  • អស់កម្លាំង

ផលប៉ះពាល់គឺខុសគ្នារវាងថ្នាំគ្រាប់ខ្នាតតូចផ្សេងគ្នា និងមនុស្សផ្សេងគ្នា។ មនុស្សមួយចំនួនមិនជួបប្រទះផលប៉ះពាល់ ឬជួបប្រទះការផ្លាស់ប្តូរវិជ្ជមាន ខណៈពេលកំពុងប្រើថ្នាំគ្រាប់ខ្នាតតូចនោះទេ។ ផលប៉ះពាល់អាចថយចុះវិញបន្ទាប់ពីពីរបីខែក្រោយមក។ ប្រសិនបើផលប៉ះពាល់នៃថ្នាំគ្រាប់ខ្នាតតូចជាក់លាក់ណាមួយរំខានអ្នក អ្នកប្រហែលជាចង់សាកល្បងថ្នាំគ្រាប់ខ្នាតតូចផ្សេងទៀត ឬប្រភេទនៃវិធីសាស្រ្តពន្យារកំណើតផ្សេងទៀត។

តើមានស្ថានភាពសុខភាព ឬកត្តារបៀបរស់នៅណាមួយដែលអាចរារាំងខ្ញុំពីការប្រើប្រាស់ប្រភេទនៃវិធីសាស្រ្តពន្យារកំណើតនេះទេ?

ស្ថានភាពសុខភាពទូទៅមួយចំនួន និងកត្តារបៀបរស់នៅដែលអាចរារាំងអ្នកពីការប្រើប្រាស់ថ្នាំគ្រាប់ខ្នាតតូច រួមមាន៖

  • មានអាយុលើសពី 55 ឆ្នាំ
  • ប្រវត្តិនៃជំងឺដាច់សរសៃឈាមខួរក្បាល
  • ជំងឺបេះដូង (បច្ចុប្បន្ន ឬអតីតកាល)
  • ជំងឺមហារីកដោះ (បច្ចុប្បន្ន ឬអតីតកាល)
  • ជំងឺថ្លើមធ្ងន់ធ្ងរ ឬជំងឺមហារីក
  • លេបថ្នាំប្រឆាំងជំងឺឆ្កួតជ្រូក ឬថ្នាំប្រកាច់មួយចំនួន

វាជាការសំខាន់ណាស់ក្នុងការពិភាក្សាជាមួយអ្នកជំនាញថែទាំសុខភាពអំពីប្រវត្តិវេជ្ជសាស្ត្រពេញលេញរបស់អ្នក នៅពេលសម្រេចចិត្តថាជម្រើសវិធីសាស្រ្តពន្យារកំណើតមួយណាដែលមានសុវត្ថិភាព និងសមស្របបំផុតសម្រាប់អ្នក។

ការចូលប្រើនិងការចំណាយ

តើខ្ញុំចូលប្រើប្រាស់វាដោយរបៀបណា?

អ្នកនឹងត្រូវការវេជ្ជបញ្ជា។ អ្នកអាចទទួលបានវេជ្ជបញ្ជាមួយពីវេជ្ជបណ្ឌិត (ទាំង GP ឬអ្នកឯកទេសពាក់ព័ន្ធ ឧទាហរណ៍ គ្រូពេទ្យឯកទេសរោគស្ត្រី) គិលានុបដ្ឋាក ឬឱសថការី (នៅក្នុងរដ្ឋ និងដែនដីមួយចំនួន)។ ពួកគេគួរតែសួរអ្នកនូវសំណួរនានាអំពីប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក ហើយអាចធ្វើតេស្តមួយចំនួន ដើម្បីធានាថាថ្នាំគ្រាប់ខ្នាតតូចនេះជាជម្រើសដែលមានសុវត្ថិភាពសម្រាប់អ្នក មុនពេលចេញវេជ្ជបញ្ជា។

អាចទទួលបានវេជ្ជបញ្ជានៅ៖

  • គ្លីនិក GP
  • ការណាត់ជួបអ្នកឯកទេស
  • ការណាត់ជួបពិនិត្យសុខភាពតាមរយៈទូរសព្ទ (តាមអនឡាញ ឬតាមទូរសព្ទ)
  • គ្លីនិកសុខភាពផ្លូវភេទ
  • គ្លីនិកផែនការគ្រួសារ
  • ឱសថស្ថាន (នៅក្នុងរដ្ឋ និងដែនដីមួយចំនួន)

នៅពេលអ្នកមានវេជ្ជបញ្ជាហើយ អ្នកអាចទិញថ្នាំគ្រាប់ខ្នាតតូចនេះនៅតាមឱសថស្ថានភាគច្រើន រួមទាំងឱសថស្ថានអនឡាញផងដែរ។

តើខ្ញុំត្រូវពិចារណាលើការចំណាយអ្វីខ្លះ?

បច្ចុប្បន្ននេះ ថ្នាំគ្រាប់ខ្នាតតូចគ្រប់ម៉ាកត្រូវ​បានចុះក្នុងបញ្ជីគម្រោងការជំនួយផ្នែកឱសថ (PBS) ដែលធ្វើឱ្យវាមានតម្លៃថោកជាងសម្រាប់អ្នកដែលកាន់កាត Medicare បច្ចុប្បន្ន។

វេជ្ជបញ្ជាដែលបន្តច្រើនដងនីមួយៗ ជាធម្មតាមានរយៈពេល 3-4 ខែ ប៉ុន្តែអាចប្រែប្រួល។ ថ្លៃចំណាយសម្រាប់វេជ្ជបញ្ជាដែលបន្តច្រើនដងគឺ៖

  • ថ្នាំគ្រាប់ដែលបានចុះបញ្ជី PBS៖ រហូតដល់ $25
  • ថ្នាំគ្រាប់ដែលបានចុះបញ្ជី PBS សម្រាប់អ្នកកាន់ប័ណ្ណសម្បទាន៖ រហូតដល់ $7.70
  • វេជ្ជបញ្ជាឯកជន៖ $12–$60

ទោះបីជាអ្នកជំនាញថែទាំសុខភាពមួយចំនួនគិតថ្លៃព្យាបាលផ្ទាល់ពីរដ្ឋ (ដែលមានន័យថា អ្នកនឹងមិនចំណាយអ្វីទាំងអស់ដើម្បីជួបពួកគេ) ក៏ដោយ អ្នកខ្លះអាចគិតថ្លៃសេវាដែលត្រូវចំណាយផ្ទាល់ខ្លួនសម្រាប់ការណាត់ជួបដែលត្រូវការដើម្បីទទួលបានវេជ្ជបញ្ជារបស់អ្នក។

ការមានកូន និងផែនការអនាគត

តើវានឹងប៉ះពាល់ដល់ភាពមានកូនរបស់ខ្ញុំនាពេលអនាគតដែរឬទេ?

ទេ ថ្នាំគ្រាប់ខ្នាតតូចនេះមិនមានឥទ្ធិពលលើភាពមានកូនរយៈពេលវែងនោះទេ។

ភាពមានកូនរបស់អ្នកគួរតែត្រឡប់មកធម្មតាវិញភ្លាមៗ បន្ទាប់ពីអ្នកឈប់ប្រើថ្នាំគ្រាប់ខ្នាតតូច ប៉ុន្តែវដ្តរដូវរបស់អ្នកអាចចំណាយពេលបន្តិចដើម្បីសម្របសម្រួល។

តើខ្ញុំអាចប្រើប្រភេទនៃវិធីសាស្រ្តពន្យារកំណើតនេះបានទេ បន្ទាប់ពីសម្រាលកូនរួច?

អ្នកអាចចាប់ផ្តើមប្រើថ្នាំគ្រាប់ខ្នាតតូចភ្លាមៗបន្ទាប់ពីសម្រាលកូនរួច ទោះបីជាអ្នកកំពុងបំបៅដោះកូនក៏ដោយ។ អ្នកគួរតែចាប់ផ្តើមប្រើថ្នាំគ្រាប់ខ្នាតតូចក្នុងរយៈពេល 21 ថ្ងៃបន្ទាប់ពីសម្រាលកូនរួច ដើម្បីជៀសវាងការមានផ្ទៃពោះ។

ឧបករណ៍នេះផ្តល់ព័ត៌មានទូទៅអំពីវិធីសាស្រ្តពន្យារកំណើត ហើយមិនជំនួសដំបូន្មានផ្នែកវេជ្ជសាស្ត្រទេ។ សូមពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាព ដើម្បីទទួលបានដំបូន្មានដែលបានរៀបចំឡើងសម្រាប់តម្រូវការផ្ទាល់ខ្លួនរបស់អ្នក។ តាមរយៈការប្រើប្រាស់ឧបករណ៍នេះ អ្នកយល់ព្រមគោរពតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់យើង។ សូមស្វែងយល់អំពីរបៀបដែលយើងប្រមូល និងការពារ ព័ត៌មានផ្ទាល់ខ្លួន របស់អ្នក។ អ្នកក៏អាចអាន គោលនយោបាយប្រមូលដែលមានសុវត្ថិភាពសមស្របសម្រាប់កុមារ របស់យើងផងដែរ។

ពិនិត្យចុងក្រោយ៖ ខែសីហា ឆ្នាំ 2026