ថ្នាំគ្រាប់ពន្យារកំណើតដែលរួមបញ្ចូលគ្នា - 'ថ្នាំគ្រាប់'
ថ្នាំគ្រាប់ប្រចាំថ្ងៃដែលមានផ្ទុកអ័រម៉ូន 2 ប្រភេទ (អេស្ត្រូហ្សែន និងប្រូហ្សេស្តូហ្សែន)។
ទិដ្ឋភាពទូទៅ
តើវាមានឈ្មោះផ្សេងទៀតទេ?
ថ្នាំគ្រាប់។
តើវាជាអ្វី?
ថ្នាំគ្រាប់ប្រចាំថ្ងៃដែលមានផ្ទុកអ័រម៉ូន 2 (អេស្ត្រូហ្សែន និងប្រូហ្សេស្តូហ្សែន)។
កញ្ចប់ថ្នាំគ្រាប់នីមួយៗមាន 28 គ្រាប់ រួមទាំងថ្នាំគ្រាប់សកម្ម (អ័រម៉ូន) រហូតដល់ 3.5 សប្តាហ៍ និងថ្នាំគ្រាប់អសកម្ម (មិនមែនអ័រម៉ូន) រហូតដល់មួយសប្តាហ៍។
មានថ្នាំគ្រាប់ច្រើនប្រភេទ ដែលថ្នាំគ្រាប់នីមួយៗមានប្រភេទ និងបរិមាណអ័រម៉ូនខុសៗគ្នា។ អ្នកប្រហែលជាត្រូវសាកល្បងថ្នាំគ្រាប់ផ្សេងៗគ្នាមួយចំនួន មុនពេលអ្នករកឃើញថ្នាំដែលសាកសមនឹងអ្នក។
តើវាអាចប្រើសម្រាប់អ្វីខ្លះ?
ការប្រើប្រាស់ថ្នាំគ្រាប់មួយចំនួន ជាទូទៅរួមមាន៖
- ការបង្ការការមានផ្ទៃពោះ
- ការរំលងនៃការមករដូវ
- ការមករដូវមានភាពទៀងទាត់
- ការកាត់បន្ថយការឈឺចាប់ពេលមករដូវ
- ការកាត់បន្ថយការធ្លាក់ឈាមរដូវច្រើន
- ការកាត់បន្ថយការដុះរោមច្រើនហួសប្រមាណ
- ការកែលម្អបញ្ហារោគមុន
របៀបដែលវាដំណើរការ
តើវាដំណើរការយ៉ាងដូចម្តេចដែរ?
ថ្នាំគ្រាប់នេះដំណើរការដោយ៖
- បញ្ឈប់ ការធ្លាក់មេជីវិតញី (មេជីវិតញីត្រូវបានបញ្ចេញពីអូវែរ)
- ធ្វើឱ្យទឹករំអិលកស្បូនក្រាស់ ដូច្នេះមេជីវិតឈ្មោលមិនអាចឆ្លងកាត់ទៅកាន់បំពង់ស្បូន (កន្លែងដែលមេជីវិតញីបង្កកំណើត)
- ធ្វើឱ្យស្រទាប់ស្បូនស្តើង ដូច្នេះប្រសិនបើមេជីវិតញីបង្កកំណើត វាមិនសូវមានឱកាសក្នុងការផ្សាំ និងចាប់ផ្តើមមានផ្ទៃពោះនោះទេ។
តើវាចាប់ផ្តើមដំណើរការលឿនប៉ុនណាដែរ?
ថ្នាំគ្រាប់អាចចាប់ផ្តើមដំណើរការយ៉ាងឆាប់រហ័សដើម្បីបង្ការការមានផ្ទៃពោះ ក៏ប៉ុន្តែពេលវេលាជាក់លាក់អាស្រ័យលើពេលដែលអ្នកចាប់ផ្តើមប្រើវាក្នុងវដ្តរដូវរបស់អ្នក។
ប្រសិនបើអ្នកចាប់ផ្តើមប្រើថ្នាំគ្រាប់ក្នុងរយៈពេល 5 ថ្ងៃដំបូងនៃការមករដូវរបស់អ្នក អ្នកនឹងត្រូវបានការពារភ្លាមៗ។ វិធីសាស្ត្រនេះក៏ធានាថា អ្នកមិនមានផ្ទៃពោះនៅពេលអ្នកចាប់ផ្តើមលេបថ្នាំគ្រាប់ដំបូងដែរ។
ប្រសិនបើអ្នកចាប់ផ្តើមប្រើថ្នាំគ្រាប់លើសពី 5 ថ្ងៃបន្ទាប់ពីរដូវចុងក្រោយរបស់អ្នកចាប់ផ្តើម អ្នកត្រូវលេបថ្នាំគ្រាប់សកម្មរយៈពេល 7 ថ្ងៃជាប់ៗគ្នាមុននឹងអ្នកអាចត្រូវបានការពារ។ ប្រើវិធីសាស្រ្តពន្យារកំណើតបម្រុង (ឧទាហរណ៍ ស្រោមអនាម័យ) ឬជៀសវាងការរួមភេទរយៈពេល 7 ថ្ងៃដំបូង ដើម្បីបង្ការការមានផ្ទៃពោះ។ ប្រសិនបើអ្នកធ្លាប់រួមភេទដោយមិនបានការពាររវាងការមករដូវ និងការប្រើថ្នាំគ្រាប់ដំបូង វាជាគំនិតល្អក្នុងការធ្វើតេស្ដដើម្បីដឹងថាមានផ្ទៃពោះះ 3 សប្តាហ៍បន្ទាប់ពីអ្នកបានរួមភេទដោយមិនបានការពារ។
ប្រសិទ្ធភាព
តើវាមានប្រសិទ្ធភាពប៉ុនណាដែរក្នុងការបង្ការការមានផ្ទៃពោះ?
ការប្រើប្រាស់ធម្មតា៖ មានប្រសិទ្ធភាព 93%។
ការប្រើប្រាស់ល្អឥតខ្ចោះ៖ មានប្រសិទ្ធភាព99.7%។
តើការប្រើប្រាស់ដ៏ល្អឥតខ្ចោះមើលទៅមានលក្ខណៈដូចម្តេចដែរ?
- លេបថ្នាំមួយគ្រាប់ជារៀងរាល់ថ្ងៃ។
- កុំរំលងថ្នាំគ្រាប់សកម្ម។
- ចាប់ផ្តើមកញ្ចប់ថ្មីតាមកាលវិភាគ បន្ទាប់ពីបញ្ចប់កញ្ចប់មុនៗ។
- ប្រសិនបើអ្នកជួបប្រទះរោគសញ្ញាក្រពះពោះវៀនដូចជាក្អួត ឬរាគធ្ងន់ធ្ងរ សូមអនុវត្តតាមការណែនាំនៅលើកញ្ចប់ថ្នាំ។
មនុស្សមួយចំនួនកំណត់ម៉ោងរោទិ៍ ឬការរម្លឹក ដើម្បីជួយពួកគេឱ្យចងចាំថាត្រូវលេបថ្នាំរបស់ពួកគេជារៀងរាល់ថ្ងៃ។
តើមានអ្វីដែលបន្ថយប្រសិទ្ធភាពរបស់វាក្នុងការបង្ការការមានផ្ទៃពោះទេ?
ថ្នាំគ្រាប់នេះមានប្រសិទ្ធភាពតិចជាង ប្រសិនបើអ្នក៖
- បានខកខានលេបថ្នាំគ្រាប់សកម្ម
- ក្អួត ឬចុះរាគធ្ងន់ធ្ងរ
សន្លឹកព័ត៌មានដែលមាននៅក្នុងកញ្ចប់ថ្នាំ នឹងផ្តល់ឱ្យអ្នកនូវការណែនាំអំពីអ្វីដែលត្រូវធ្វើប្រសិនបើរឿងនេះកើតឡើង។ ក្នុងករណីទាំងនេះ អ្នកប្រហែលជាត្រូវប្រើវិធីសាស្រ្តពន្យារកំណើតមួយផ្សេងទៀត (ឧទាហរណ៍ ស្រោមអនាម័យ) ដើម្បីបង្ការមានផ្ទៃពោះ ឬជៀសវាងការរួមភេទ រហូតដល់អ្នកត្រឡប់មករកភាពប្រក្រតីវិញ។
ឱសថមួយចំនួនកាត់បន្ថយប្រសិទ្ធភាពនៃថ្នាំគ្រាប់ រួមមាន៖
- ថ្នាំអង់ទីប៊ីយ៉ូទិកមួយចំនួន
- ថ្នាំព្យាបាលជំងឺឆ្កួតជ្រូកមួយចំនួន
វាជាការល្អបំផុតក្នុងការពិនិត្យជាមួយអ្នកជំនាញថែទាំសុខភាព ប្រសិនបើឱសថ ឬថ្នាំបំពេញបង្គ្រប់ថ្មី ឬបច្ចុប្បន្នណាមួយដែលអ្នកប្រើនឹងធ្វើឱ្យប្រសិទ្ធភាពនៃថ្នាំគ្រាប់ថយចុះ។
តើវាការពារប្រឆាំងនឹងជំងឺកាមរោគ (STIs) ដែរឬទេ?
ទេ។
ស្រោមអនាម័យខាងក្នុង និងស្រោមអនាម័យខាងក្រៅ គឺជាប្រភេទតែមួយគត់នៃវិធីសាស្រ្តពន្យារកំណើតដែលការពារប្រឆាំងនឹងជំងឺកាមរោគ។
ការប្រើប្រាស់និងការពិចារណា
តើត្រូវប្រើ ឬប្តូរជំនួសវាញឹកញាប់ប៉ុនណាដែរ?
ត្រូវលេបថ្នាំគ្រាប់ជារៀងរាល់ថ្ងៃ។
វេជ្ជបញ្ជាអាចមានរយៈពេលពី 3 ទៅ 12 ខែ។ អ្នកជំនាញថែទាំសុខភាពមួយចំនួនអាចផ្តល់វេជ្ជបញ្ជាដែលបន្តច្រើនដង ដើម្បីកាត់បន្ថយភាពញឹកញាប់ដែលអ្នកត្រូវទៅជួបពួកគេ។
តើមានអ្នកណាអាចដឹងថាខ្ញុំកំពុងប្រើប្រភេទនៃវិធីសាស្រ្តពន្យារកំណើតនេះទេ?
វាអាចទៅរួចក្នុងការរក្សាសម្ងាត់ដោយមិនឱ្យអ្នកដទៃដឹង នៅពេលកំពុងប្រើថ្នាំគ្រាប់។
ទោះជាយ៉ាងណាក៏ដោយ វាអាចទៅរួចដែលថានរណាម្នាក់អាចនឹងកត់សម្គាល់ឃើញកញ្ចប់ថ្នាំគ្រាប់ សំឡេងរោទិ៍រម្លឹក ឬឃើញអ្នកកំពុងលេបវា។
សុវត្ថិភាព និងផលប៉ះពាល់
តើមានផលប៉ះពាល់ណាមួយទេ?
ដូចគ្នានឹងឱសថទាំងអស់ដែរ មនុស្សមួយចំនួនអាចជួបប្រទះផលប៉ះពាល់នានា។
ផលប៉ះពាល់មួយចំនួនដែលអាចកើតមាន រួមមាន៖
- ចង្អោរ
- ឈឺក្បាល
- ឈឺដោះ
- ស្នាមប្រឡាក់អុជៗ (ឈាមតិចៗដែលមិនមែនជាការមករដូវរបស់អ្នក)
- ការផ្លាស់ប្តូរអារម្មណ៍
- ការថយចុះចំណង់ផ្លូវភេទ (ចំណាប់អារម្មណ៍តិចលើការរួមភេទ)
- ស្នាមពណ៌ត្នោតតូចៗ ឬអាចម៍រុយនៅលើមុខរបស់អ្នក (ហៅថា ស្នាមប្រផេះតូចៗលើស្បែក)
ផលប៉ះពាល់គឺខុសគ្នារវាងថ្នាំគ្រាប់ផ្សេងៗគ្នា និងមនុស្សផ្សេងៗគ្នា។ មនុស្សមួយចំនួនមិនជួបប្រទះផលប៉ះពាល់ ឬជួបប្រទះការផ្លាស់ប្តូរវិជ្ជមាន ខណៈពេលកំពុងប្រើថ្នាំគ្រាប់នោះទេ។ ផលប៉ះពាល់អាចថយចុះវិញបន្ទាប់ពីពីរបីខែក្រោយមក។ ប្រសិនបើផលប៉ះពាល់នៃថ្នាំគ្រាប់ជាក់លាក់ណាមួយរំខានអ្នក អ្នកប្រហែលជាចង់សាកល្បងថ្នាំគ្រាប់ផ្សេង ឬប្រភេទនៃវិធីសាស្រ្តពន្យារកំណើតផ្សេងទៀត។
តើមានស្ថានភាពសុខភាព ឬកត្តារបៀបរស់នៅណាមួយដែលអាចរារាំងខ្ញុំពីការប្រើប្រាស់ប្រភេទនៃវិធីសាស្រ្តពន្យារកំណើតនេះទេ?
ស្ថានភាពសុខភាពទូទៅមួយចំនួន និងកត្តារបៀបរស់នៅដែលអាចរារាំងអ្នកពីការប្រើប្រាស់ថ្នាំគ្រាប់ រួមមាន៖
- មានអាយុលើសពី 50 ឆ្នាំ
- សន្ទស្សន៍ម៉ាសរាងកាយ (BMI) បច្ចុប្បន្នលើសពី 35 គីឡូក្រាម/ម2
- អ្នកជក់បារីដែលមានអាយុ 35 ឆ្នាំឡើងទៅ (រួមទាំងការជក់បារីអេឡិចត្រូនិច)
- ប្រវត្តិនៃការកកឈាម ឬប្រវត្តិគ្រួសារដ៏ខ្លាំងក្លានៃការកកឈាម
- ឈឺក្បាលប្រកាំង
- សម្ពាធឈាមខ្ពស់
- ប្រវត្តិនៃជំងឺដាច់សរសៃឈាមខួរក្បាល
- ជំងឺបេះដូង (បច្ចុប្បន្ន ឬអតីតកាល)
- ជំងឺមហារីកដោះ (បច្ចុប្បន្ន ឬអតីតកាល) រួមទាំងប្រវត្តិគ្រួសារខ្លាំងក្លានៃជំងឺមហារីកដោះ
- ជំងឺថ្លើមធ្ងន់ធ្ងរ ឬមហារីកថ្លើម
- លេបថ្នាំប្រឆាំងជំងឺឆ្កួតជ្រូក ឬថ្នាំប្រកាច់មួយចំនួន
វាជាការសំខាន់ណាស់ក្នុងការពិភាក្សាជាមួយអ្នកជំនាញថែទាំសុខភាពអំពីប្រវត្តិវេជ្ជសាស្ត្រពេញលេញរបស់អ្នក នៅពេលសម្រេចចិត្តថាជម្រើសវិធីសាស្រ្តពន្យារកំណើតមួយណាដែលមានសុវត្ថិភាព និងសមស្របបំផុតសម្រាប់អ្នក។
ការចូលប្រើនិងការចំណាយ
តើខ្ញុំចូលប្រើប្រាស់វាដោយរបៀបណា?
អ្នកនឹងត្រូវការវេជ្ជបញ្ជា។ អ្នកអាចទទួលបានវេជ្ជបញ្ជាមួយពីវេជ្ជបណ្ឌិត (ទាំង GP ឬអ្នកឯកទេសពាក់ព័ន្ធ ឧទាហរណ៍ គ្រូពេទ្យឯកទេសរោគស្ត្រី) គិលានុបដ្ឋាក ឬឱសថការី (នៅក្នុងរដ្ឋ និងដែនដីមួយចំនួន)។ ពួកគេគួរតែសួរអ្នកនូវសំណួរនានាអំពីប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក ហើយអាចធ្វើតេស្តមួយចំនួន ដើម្បីធានាថាថ្នាំគ្រាប់នេះជាជម្រើសដែលមានសុវត្ថិភាពសម្រាប់អ្នក មុនពេលចេញវេជ្ជបញ្ជា។
អាចទទួលបានវេជ្ជបញ្ជានៅ៖
- គ្លីនិក GP
- ការណាត់ជួបអ្នកឯកទេស
- ការណាត់ជួបពិនិត្យសុខភាពតាមរយៈទូរសព្ទ (តាមអនឡាញ ឬតាមទូរសព្ទ)
- គ្លីនិកសុខភាពផ្លូវភេទ
- គ្លីនិកផែនការគ្រួសារ
- ឱសថស្ថាន (នៅក្នុងរដ្ឋ និងដែនដីមួយចំនួន)
នៅពេលដែលអ្នកមានវេជ្ជបញ្ជា អ្នកអាចទិញថ្នាំគ្រាប់នេះនៅតាមឱសថស្ថានភាគច្រើន រួមទាំង ឱសថស្ថានអនឡាញ ។
តើខ្ញុំត្រូវពិចារណាលើការចំណាយអ្វីខ្លះ?
តម្លៃថ្នាំគ្រាប់អាចប្រែប្រួលអាស្រ័យលើម៉ាក។ ថ្នាំគ្រាប់មួយចំនួនត្រូវបានចុះក្នុងបញ្ជីគម្រោងការជំនួយផ្នែកឱសថ (PBS) ដែលធ្វើឱ្យវាមានតម្លៃថោកជាងសម្រាប់អ្នកដែលកាន់កាត Medicare បច្ចុប្បន្ន។
ការចេញវេជ្ជបញ្ជាដែលបន្តច្រើនដង ជាធម្មតាមានរយៈពេល 3 ខែ ប៉ុន្តែអាចប្រែប្រួលចន្លោះពី 1-4 ខែ។ ថ្លៃចំណាយសម្រាប់វេជ្ជបញ្ជាដែលបន្តច្រើនដងគឺ៖
- ថ្នាំគ្រាប់ដែលបានចុះបញ្ជី PBS៖ រហូតដល់ $25
- ថ្នាំគ្រាប់ដែលបានចុះបញ្ជី PBS សម្រាប់អ្នកកាន់ប័ណ្ណសម្បទាន៖ រហូតដល់ $7.70
- ថ្នាំគ្រាប់ដែលមិនចុះក្នុងបញ្ជី PBS៖ ចន្លោះពី $30–100
ទោះបីជាអ្នកជំនាញថែទាំសុខភាពមួយចំនួនគិតថ្លៃព្យាបាលផ្ទាល់ពីរដ្ឋ (ដែលមានន័យថា អ្នកនឹងមិនចំណាយអ្វីទាំងអស់ដើម្បីជួបពួកគេ) ក៏ដោយ អ្នកខ្លះអាចគិតថ្លៃសេវាដែលត្រូវចំណាយផ្ទាល់ខ្លួនសម្រាប់ការណាត់ជួបដែលត្រូវការដើម្បីទទួលបានវេជ្ជបញ្ជារបស់អ្នក។
ការមានកូន និងផែនការអនាគត
តើវានឹងប៉ះពាល់ដល់ភាពមានកូនរបស់ខ្ញុំនាពេលអនាគតដែរឬទេ?
ទេ ថ្នាំគ្រាប់នេះមិនមានឥទ្ធិពលលើភាពមានកូនរយៈពេលវែងទេ។
ភាពមានកូនរបស់អ្នកគួរតែត្រឡប់មកធម្មតាវិញភ្លាមៗ បន្ទាប់ពីអ្នកឈប់លេបថ្នាំគ្រាប់ពន្យារកំណើត ប៉ុន្តែវដ្តរដូវរបស់អ្នកអាចចំណាយពេលបន្តិចដើម្បីសម្របសម្រួល។
តើខ្ញុំអាចប្រើប្រភេទនៃវិធីសាស្រ្តពន្យារកំណើតនេះបានទេ បន្ទាប់ពីសម្រាលកូនរួច?
ប្រសិនបើអ្នកកំពុងបំបៅដោះកូន អ្នកនឹងត្រូវរង់ចាំរហូតដល់កូនរបស់អ្នកមានអាយុយ៉ាងហោចណាស់ 6 សប្តាហ៍ ទើបអាចប្រើថ្នាំគ្រាប់បាន។ ប្រសិនបើអ្នកមិនបំបៅដោះកូនទេ អ្នកប្រហែលជាអាចប្រើថ្នាំគ្រាប់បាននៅពេលកូនរបស់អ្នកមានអាយុពី 3 ទៅ 6 សប្តាហ៍។
វាជាការសំខាន់ណាស់ក្នុងការពិនិត្យជាមួយអ្នកជំនាញថែទាំសុខភាព ថាតើពេលណាដែលមានសុវត្ថិភាពបំផុត និងសមស្របបំផុតសម្រាប់អ្នកក្នុងការប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតនេះ។
ការបដិសេធទទួលខុសត្រូវ
ពិនិត្យចុងក្រោយ៖ ខែសីហា ឆ្នាំ 2026