រំលងទៅមាតិកាសំខាន់

Free Australian health advice you can count on.

Free Australian health advice you can count on.

កងដាក់ក្នុងទ្វារមាស

កងទន់ដែលដាក់ក្នុងទ្វារមាសរយៈពេល 3 សប្តាហ៍ម្តង ដែលបញ្ចេញអ័រម៉ូន 2 ប្រភេទ (អេស្ត្រូហ្សែន និងប្រូហ្សេស្តូហ្សែន)។

  • រយៈពេលខ្លី

ទិដ្ឋភាពទូទៅ

តើវាមានឈ្មោះផ្សេងទៀតទេ?

NuvaRing។

តើវាជាអ្វី?

កងប្លាស្ទិកដែលអាចបត់បែនបាន ដាក់នៅខាងក្នុងទ្វារមាស ដែលបញ្ចេញអ័រម៉ូន 2 (អេស្ត្រូហ្សែន និងប្រូហ្សេស្តូហ្សែន)។

NuvaRing គឺជាប្រភេទកងដាក់ក្នុងទ្វារមាសតែមួយគត់ ដែលមានលក់នៅក្នុងប្រទេសអូស្ត្រាលី។

តើវាអាចប្រើសម្រាប់អ្វីខ្លះ?

ការប្រើប្រាស់​ទូទៅ​មួយចំនួន​នៃកងដាក់ក្នុងទ្វារមាស រួមមាន​៖

  • ការបង្ការការមានផ្ទៃពោះ
  • ការរំលងនៃការមករដូវ
  • ការមករដូវមានភាពទៀងទាត់
  • ការកាត់បន្ថយការឈឺចាប់ពេលមករដូវ
  • ការកាត់បន្ថយការធ្លាក់ឈាមរដូវច្រើន
  • ការកាត់បន្ថយការដុះរោមច្រើនហួសប្រមាណ
  • ការកែលម្អបញ្ហារោគមុន

របៀបដែលវាដំណើរការ

តើវាដំណើរការយ៉ាងដូចម្តេចដែរ?

កងដាក់ក្នុងទ្វារមាស​ដំណើរការ​ដោយ៖

  • ការបញ្ឈប់ ការធ្លាក់​មេ​ជីវិត​ញី​ (​មេ​ជីវិត​ញី​បានបញ្ចេញចេញពីអូវែរ)
  • ធ្វើឱ្យទឹករំអិលកស្បូនក្រាស់ ដូច្នេះមេជីវិតឈ្មោលមិនអាចឆ្លងកាត់ទៅកាន់បំពង់ស្បូន (កន្លែងដែល​មេ​ជីវិត​ញីបង្កកំណើត)
  • ធ្វើឱ្យស្រទាប់ស្បូនស្តើង ដូច្នេះប្រសិនបើមេ​ជីវិត​ញីបង្កកំណើត វាមិនសូវមានឱកាសក្នុងការផ្សាំជាប់ និងចាប់ផ្តើមមានផ្ទៃពោះនោះទេ។

តើវាចាប់ផ្តើមដំណើរការលឿនប៉ុនណាដែរ?

កងដាក់ក្នុងទ្វារមាសអាចចាប់ផ្តើមដំណើរការយ៉ាងឆាប់រហ័សដើម្បីបង្ការការមានផ្ទៃពោះ ក៏ប៉ុន្តែពេលវេលាជាក់លាក់អាស្រ័យលើពេលដែលអ្នកចាប់ផ្តើមប្រើប្រាស់វាក្នុងវដ្តរដូវរបស់អ្នក។

ប្រសិនបើអ្នកប្រើកងដាក់ក្នុងទ្វារមាសជាលើកដំបូងក្នុងរយៈពេល 5 ថ្ងៃដំបូងនៃការមករដូវរបស់អ្នក អ្នកនឹងត្រូវបានការពារភ្លាមៗ។

ប្រសិនបើអ្នកប្រើកងដាក់ក្នុងទ្វារមាសជាលើកដំបូងលើសពី 5 ថ្ងៃបន្ទាប់ពីការមករដូវចុងក្រោយរបស់អ្នកចាប់ផ្តើម វានឹងចំណាយពេល 7 ថ្ងៃមុនពេលអ្នកត្រូវបានការពារ។ ប្រើវិធីសាស្រ្តពន្យារកំណើតបម្រុង (ឧទាហរណ៍ ស្រោមអនាម័យ) ឬជៀសវាងការរួមភេទរយៈពេល 7 ថ្ងៃដំបូង ដើម្បីបង្ការការមានផ្ទៃពោះ។

ប្រសិទ្ធភាព

តើវាមានប្រសិទ្ធភាពប៉ុនណាដែរក្នុងការបង្ការការមានផ្ទៃពោះ?

ការប្រើប្រាស់ធម្មតា៖ មានប្រសិទ្ធភាព 93%។

ការប្រើប្រាស់ល្អឥតខ្ចោះ៖ មានប្រសិទ្ធភាព 99.7%។

តើការប្រើប្រាស់ដ៏ល្អឥតខ្ចោះមើលទៅមានលក្ខណៈដូចម្តេចដែរ?

មានជម្រើសពីរសម្រាប់ការប្រើប្រាស់កងដាក់ក្នុងទ្វារមាស៖

  • ទុកកងដាក់ក្នុងទ្វារមាស់ក្នុងទ្វារមាសរបស់អ្នករយៈពេល 3 សប្តាហ៍។
  • បន្ទាប់ពី 3 សប្តាហ៍ យកកងដាក់ក្នុងទ្វារមាសចេញ ហើយបោះចោលវា។ ទុកវាចោលរយៈពេល 1 សប្តាហ៍ (7 ថ្ងៃ)។ ក្នុងអំឡុងសប្តាហ៍នេះ អ្នកនឹងមានការហូរឈាមដូចពេលមករដូវដែរ។
  • ស៊កបញ្ចូលកងដាក់ក្នុងទ្វារមាសថ្មីភ្លាមៗបន្ទាប់ពី 7 ថ្ងៃ។ ចូរចងចាំពីពេលណាដែលយកវាចេញ ពីព្រោះកងដាក់ក្នុងទ្វារមាសថ្មីត្រូវតែបានស៊កបញ្ចូលក្នុងរយៈពេល 3 ម៉ោង គិតចាប់ពីពេលដែលបានយកវាចេញកាលពីសប្តាហ៍មុន។

ឬប្រសិនបើអ្នកចង់រំលងការមករដូវរវាងកងដាក់ក្នុងទ្វារមាស៖

  • ទុកកងដាក់ក្នុងទ្វារមាស ក្នុងទ្វារមាសរបស់អ្នករយៈពេល 3 សប្តាហ៍។
  • បន្ទាប់ពី 3 សប្តាហ៍ យកកងដាក់ក្នុងទ្វារមាសចេញ ហើយបោះចោលវា។
  • ស៊កបញ្ចូលកងដាក់ក្នុងទ្វារមាសថ្មីភ្លាមៗ។

មិនចាំបាច់យកវាចេញសម្រាប់ការរួមភេទ ឬលំហាត់ប្រាណទេ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើដោយហេតុផលណាមួយ អ្នកយកកងដាក់ក្នុងទ្វារមាសចេញក្នុងរយៈពេល 3 សប្តាហ៍ កុំទុកវាចោលលើសពី 3 ម៉ោងក្នុងមួយពេល។

ប្រសិនបើកងដាក់ក្នុងទ្វារមាសនោះជ្រុះចេញដោយចៃដន្យ លាងសម្អាតវាជាមួយទឹក ហើយស៊កបញ្ចូលវាទៅក្នុងទ្វារមាសវិញភ្លាម។

តើមានអ្វីដែលបន្ថយប្រសិទ្ធភាពរបស់វាក្នុងការបង្ការការមានផ្ទៃពោះទេ?

កងដាក់ក្នុងទ្វារមាសមានប្រសិទ្ធភាព​តិច​ជាង​ ប្រសិនបើ៖

  • បានប្រើកងដាក់ក្នុងទ្វារមាសថ្មីលើសពី 7 ថ្ងៃ បន្ទាប់ពីបានយកកងដាក់ក្នុងទ្វារមាសចេញចុងក្រោយរបស់អ្នក
  • បានយកកងដាក់ក្នុងទ្វារមាសរបស់អ្នកចេញពីទ្វារមាស អស់រយៈពេលជាង 3 ម៉ោង
  • បានទុកចោលកងដាក់ក្នុងទ្វារមាសដូចគ្នានេះនៅក្នុងទ្វារមាសរបស់អ្នកជាបន្តបន្ទាប់សម្រាប់ 4 សប្តាហ៍ ឬយូរជាងនេះ (ហើយមិនបានប្តូរជំនួសថ្មីទេ)
  • ​មិនបានស៊កបញ្ចូល​កងដាក់ក្នុងទ្វារមាសទៅ​ក្នុងទ្វារមាសបាន​ត្រឹមត្រូវ​ (វា​ក៏​អាច​មាន​អារម្មណ៍​មិន​សុខស្រួលផង​ដែរ)

សន្លឹកព័ត៌មានដែលមាននៅក្នុងកញ្ចប់កងដាក់ក្នុងទ្វារមាស នឹងផ្តល់ឱ្យអ្នកនូវការណែនាំអំពីអ្វីដែលត្រូវធ្វើ ប្រសិនបើរឿងនេះកើតឡើង។ ក្នុងករណីទាំងនេះ អ្នកប្រហែលជាត្រូវប្រើវិធីសាស្រ្តពន្យារកំណើតមួយផ្សេងទៀត (ឧទាហរណ៍ ស្រោមអនាម័យ) ដើម្បីបង្ការមានផ្ទៃពោះ ឬជៀសវាងការរួមភេទ រហូតដល់អ្នកត្រឡប់មករកភាពប្រក្រតីវិញ។

ឱសថមួយចំនួនកាត់បន្ថយប្រសិទ្ធភាពនៃកងដាក់ក្នុងទ្វារមាស រួមទាំងថ្នាំព្យាបាលជំងឺឆ្កួតជ្រូកមួយចំនួនផងដែរ។ វាជាការល្អបំផុតក្នុងការពិនិត្យជាមួយអ្នកជំនាញថែទាំសុខភាព ប្រសិនបើឱសថ ឬថ្នាំបំពេញបង្គ្រប់ថ្មី ឬបច្ចុប្បន្នណាមួយដែលអ្នកប្រើនឹងធ្វើឱ្យប្រសិទ្ធភាពនៃកងដាក់ក្នុងទ្វារមាសថយចុះ។

តើវាការពារប្រឆាំងនឹងជំងឺកាមរោគ (STIs) ដែរឬទេ?

ទេ។

ស្រោមអនាម័យខាងក្នុង និងស្រោមអនាម័យខាងក្រៅ គឺជាប្រភេទតែមួយគត់នៃវិធីសាស្រ្តពន្យារកំណើតដែលការពារប្រឆាំងនឹងជំងឺកាមរោគ។

ការប្រើប្រាស់និងការពិចារណា

តើត្រូវប្រើ ឬប្តូរជំនួសវាញឹកញាប់ប៉ុនណាដែរ?

ស៊កបញ្ចូលកងដាក់ក្នុងទ្វារមាសក្នុងទ្វារមាសរយៈពេល 3 សប្តាហ៍ ហើយបន្ទាប់មកយកចេញ និងបោះចោលវា។ បន្ទាប់មក អ្នកមានរយៈពេល 7 ថ្ងៃដោយគ្មានកងដាក់ក្នុងទ្វារមាស មុនពេលស៊កបញ្ចូលកងដាក់ក្នុងទ្វារមាសថ្មី។ ជាជម្រើស ប្រសិនបើអ្នកចង់រំលងការមករដូវរវាងកងដាក់ក្នុងទ្វារមាស ចូរស៊កបញ្ចូលកងដាក់ក្នុងទ្វារមាសថ្មីភ្លាមៗ (កុំរង់ចាំ 7 ថ្ងៃ)។

តើមានអ្នកណាអាចដឹងថាខ្ញុំកំពុងប្រើប្រភេទនៃវិធីសាស្រ្តពន្យារកំណើតនេះទេ?

វាអាចទៅរួចដែលដៃគូអាចមានអារម្មណ៍ដឹងអំពីវាក្នុងអំឡុងពេលរួមភេទ។ វាក៏អាចទៅរួចដែរថានរណាម្នាក់អាចនឹងកត់សម្គាល់ឃើញកញ្ចប់ ឬរកឃើញកងដាក់ក្នុងទ្វារមាសនៅក្នុងធុងសំរាមនៅពេលបោះចោល។

សុវត្ថិភាព និងផលប៉ះពាល់

តើមានផលប៉ះពាល់ណាមួយទេ?

ដូចគ្នានឹងឱសថទាំងអស់ដែរ មនុស្សមួយចំនួនអាចជួបប្រទះផលប៉ះពាល់នានា។

ផលប៉ះពាល់មួយចំនួនដែលអាចកើតមាន រួមមាន ៖

  • ចង្អោរ
  • ឈឺក្បាល
  • ឈឺដោះ
  • ស្នាមប្រឡាក់អុជៗ (ឈាមតិចៗដែល​មិនមែន​ជាការមក​រដូវ​របស់​អ្នក)
  • ការផ្លាស់ប្តូរអារម្មណ៍
  • ការថយចុះចំណង់ផ្លូវភេទ (ចំណាប់អារម្មណ៍តិចលើការរួមភេទ)
  • ស្នាមពណ៌ត្នោតតូចៗ ឬអាចម៍រុយនៅលើមុខរបស់អ្នក (ហៅថា ស្នាមប្រផេះតូចៗលើស្បែក)
  • ការកើនឡើងនៃការហូរទឹករំអិលទ្វារមាស

ផលប៉ះពាល់ខុសគ្នារវាងមនុស្សផ្សេងៗគ្នា។ មនុស្សមួយចំនួនមិនជួបប្រទះផលប៉ះពាល់ ឬជួបប្រទះការផ្លាស់ប្តូរវិជ្ជមាន ខណៈពេលកំពុងប្រើកងដាក់ក្នុងទ្វារមាសនោះទេ។ ផលប៉ះពាល់អាចថយចុះវិញបន្ទាប់ពីពីរបីខែក្រោយមក។ ប្រសិនបើផលប៉ះពាល់នៃកងដាក់ក្នុងទ្វារមាសរំខានអ្នក អ្នកប្រហែលជាចង់សាកល្បងប្រភេទនៃវិធីសាស្រ្តពន្យារកំណើតផ្សេងទៀត។

តើមានស្ថានភាពសុខភាព ឬកត្តារបៀបរស់នៅណាមួយដែលអាចរារាំងខ្ញុំពីការប្រើប្រាស់ប្រភេទនៃវិធីសាស្រ្តពន្យារកំណើតនេះទេ?

ស្ថានភាពសុខភាពទូទៅមួយចំនួន និងកត្តារបៀបរស់នៅដែលអាចរារាំងអ្នកពីការប្រើប្រាស់កងដាក់ក្នុងទ្វារមាស រួមមាន៖

  • មានអាយុលើសពី 50 ឆ្នាំ
  • សន្ទស្សន៍ម៉ាសរាងកាយ (BMI) បច្ចុប្បន្នលើសពី 35 គីឡូក្រាម/ម2
  • អ្នកជក់បារីដែលមានអាយុ 35 ឆ្នាំឡើងទៅ (រួមទាំងការជក់បារីអេឡិចត្រូនិច)
  • ឈាមកក
  • ឈឺក្បាលប្រកាំង
  • សម្ពាធឈាមខ្ពស់
  • ប្រវត្តិនៃជំងឺដាច់សរសៃឈាមខួរក្បាល
  • ជំងឺបេះដូង (បច្ចុប្បន្ន ឬអតីតកាល)
  • ជំងឺមហារីកដោះ (បច្ចុប្បន្ន ឬអតីតកាល)
  • ជំងឺថ្លើមធ្ងន់ធ្ងរ ឬមហារីកថ្លើម

វាជាការសំខាន់ណាស់ក្នុងការពិភាក្សាជាមួយអ្នកជំនាញថែទាំសុខភាពអំពីប្រវត្តិវេជ្ជសាស្ត្រពេញលេញរបស់អ្នក នៅពេលសម្រេចចិត្តថាជម្រើសវិធីសាស្រ្តពន្យារកំណើតមួយណាដែលមានសុវត្ថិភាព និងសមស្របបំផុតសម្រាប់អ្នក។

ការចូលប្រើនិងការចំណាយ

តើខ្ញុំចូលប្រើប្រាស់វាដោយរបៀបណា?

អ្នកនឹងត្រូវការវេជ្ជបញ្ជា។ អ្នកអាចទទួលបានវេជ្ជបញ្ជាមួយពីវេជ្ជបណ្ឌិត (ទាំង GP ឬអ្នកឯកទេសពាក់ព័ន្ធ ឧទាហរណ៍ គ្រូពេទ្យឯកទេសរោគស្ត្រី) គិលានុបដ្ឋាក ឬឱសថការី (នៅក្នុងរដ្ឋ និងដែនដីមួយចំនួន)។ ពួកគេគួរតែសួរអ្នកនូវសំណួរនានាអំពីប្រវត្តិវេជ្ជសាស្ត្ររបស់អ្នក ហើយអាចធ្វើតេស្តមួយចំនួន ដើម្បីធានាថាកងនេះជាជម្រើសដែលមានសុវត្ថិភាពសម្រាប់អ្នក មុនពេលចេញវេជ្ជបញ្ជា។

អាចទទួលបានវេជ្ជបញ្ជានៅ៖

  • គ្លីនិក GP
  • ការណាត់ជួបអ្នកឯកទេស
  • ការណាត់ជួបពិនិត្យសុខភាពតាមរយៈទូរសព្ទ (តាមអនឡាញ ឬតាមទូរសព្ទ)
  • គ្លីនិកសុខភាពផ្លូវភេទ
  • គ្លីនិកផែនការគ្រួសារ
  • ឱសថស្ថាន (នៅក្នុងរដ្ឋ និងដែនដីមួយចំនួន)

នៅពេលដែលអ្នកមានវេជ្ជបញ្ជាហើយ អ្នកអាចទិញកងដាក់ក្នុងទ្វារមាសនៅតាមឱសថស្ថានភាគច្រើន រួមទាំងឱសថស្ថានអនឡាញផងដែរ។

អ្នកអាចស៊កបញ្ចូល និងដកកងដាក់ក្នុងទ្វារមាសចេញដោយខ្លួនឯង។

តើខ្ញុំត្រូវពិចារណាលើការចំណាយអ្វីខ្លះ?

កងដាក់ក្នុងទ្វារមាសត្រូវ​បាន​ចុះ​ក្នុងបញ្ជី​គម្រោងការជំនួយផ្នែកឱសថ (PBS) ដែល​ធ្វើ​ឱ្យ​វា​មាន​តម្លៃ​ថោក​ជាង​សម្រាប់​អ្នក​ដែល​កាន់​កាត Medicare បច្ចុប្បន្ន។

ជាធម្មតា វេជ្ជបញ្ជាដែលបន្តច្រើនដងនីមួយៗ មានរយៈពេល 3 ខែ (រួមទាំងកងដាក់ក្នុងទ្វារមាសចំនួន 3)។ ថ្លៃចំណាយសម្រាប់វេជ្ជបញ្ជាដែលបន្តច្រើនដងគឺ៖

  • តម្លៃ PBS៖ រហូតដល់ $25
  • តម្លៃ PBS សម្រាប់អ្នកកាន់ប័ណ្ណសម្បទាន៖ រហូតដល់ $7.70
  • វេជ្ជបញ្ជាឯកជន៖ ចន្លោះ $120–140

ទោះបីជាអ្នកជំនាញថែទាំសុខភាពមួយចំនួនគិតថ្លៃព្យាបាលផ្ទាល់ពីរដ្ឋ (ដែលមានន័យថា អ្នកនឹងមិនចំណាយអ្វីទាំងអស់ដើម្បីជួបពួកគេ) ក៏ដោយ អ្នកខ្លះអាចគិតថ្លៃសេវាដែលត្រូវចំណាយផ្ទាល់ខ្លួនសម្រាប់ការណាត់ជួបដែលត្រូវការដើម្បីទទួលបានវេជ្ជបញ្ជារបស់អ្នក។

ការមានកូន និងផែនការអនាគត

តើវានឹងប៉ះពាល់ដល់ភាពមានកូនរបស់ខ្ញុំនាពេលអនាគតដែរឬទេ?

ទេ កងដាក់ក្នុងទ្វារមាសមិនមានផលប៉ះពាល់ដល់ភាពមានកូនរយៈពេលវែងនោះទេ។

ភាពមានកូនរបស់អ្នកគួរតែត្រឡប់មកធម្មតាវិញភ្លាមៗ បន្ទាប់ពីអ្នកឈប់ប្រើកងពន្យារកំណើត ប៉ុន្តែវដ្តរដូវរបស់អ្នកអាចចំណាយពេលបន្តិចដើម្បីសម្របសម្រួល។

តើខ្ញុំអាចប្រើប្រភេទនៃវិធីសាស្រ្តពន្យារកំណើតនេះបានទេ បន្ទាប់ពីសម្រាលកូនរួច?

ប្រសិនបើអ្នកកំពុងបំបៅដោះកូន អ្នកនឹងត្រូវរង់ចាំរហូតដល់កូនរបស់អ្នកមានអាយុយ៉ាងហោចណាស់ 6 សប្តាហ៍ ទើបអាចប្រើកងដាក់ក្នុងទ្វារមាសបាន។ ប្រសិនបើអ្នកមិនបំបៅដោះកូនទេ អ្នកប្រហែលជាអាចប្រើកងដាក់ក្នុងទ្វារមាសបាន នៅពេលដែលកូនរបស់អ្នកមានអាយុពី 3 ទៅ 6 សប្តាហ៍។

វាជាការសំខាន់ណាស់ក្នុងការពិនិត្យជាមួយអ្នកជំនាញថែទាំសុខភាពថាតើមួយណាដែលមានសុវត្ថិភាព និងសមស្របបំផុតសម្រាប់អ្នក។

ឧបករណ៍នេះផ្តល់ព័ត៌មានទូទៅអំពីវិធីសាស្រ្តពន្យារកំណើត ហើយមិនជំនួសដំបូន្មានផ្នែកវេជ្ជសាស្ត្រទេ។ សូមពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាព ដើម្បីទទួលបានដំបូន្មានដែលបានរៀបចំឡើងសម្រាប់តម្រូវការផ្ទាល់ខ្លួនរបស់អ្នក។ តាមរយៈការប្រើប្រាស់ឧបករណ៍នេះ អ្នកយល់ព្រមគោរពតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់យើង។ សូមស្វែងយល់អំពីរបៀបដែលយើងប្រមូល និងការពារ ព័ត៌មានផ្ទាល់ខ្លួន របស់អ្នក។ អ្នកក៏អាចអាន គោលនយោបាយប្រមូលដែលមានសុវត្ថិភាពសមស្របសម្រាប់កុមារ របស់យើងផងដែរ។

ពិនិត្យចុងក្រោយ៖ ខែសីហា ឆ្នាំ 2026